FAQ

ខ្លឹមសារ​សង្ខេប​ស្តីពី ACT

តើ​អ្វីជា​ ACT? តើ ACT ពាក់ព័ន្ធនឹង​នរណាខ្លះ?​

ACT ត្រូវ​បានបង្កើតឡើង  ​ដោយសារ​ដំណោះស្រាយ​លើ​បញ្ហា​នៃការ​ធានា​ប្រាក់​ឈ្នួលសមរម្យ​ក្រោម​ស្ថានភាព​នៃ​ការ​​ប្រកួត​ប្រជែង​ជា​សកល​ មិនអាចដោះស្រាយម្តងមួយក្រុមហ៊ុន ម្តងមួយក្រុមហ៊ុនឡើយ។ បញ្ហា​នេះ​ទាមទារ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោមក្រុមហ៊ុន និង​រវាង​​និយោជក និង​សហជីព ដើម្បី​ឈានទៅ​រកដំណោះស្រាយ​ដែល​មានប្រសិទ្ធភាព​ និងអាច​សម្រេច​បាន។​

តើ​ក្រុមហ៊ុនម៉ាកយីហោ​ និង​​សហជីពណាខ្លះ​ជា​សមាជិក​ ACT?

តើ​ក្រុមហ៊ុនម៉ាកយីហោ​ និង​​សហជីពណាខ្លះ​ជា​សមាជិក​ ACT?

អ្នកនឹង​ឃើញ​ក្រុមហ៊ុនម៉ាកយីហោ​ទាំងអស់​​ដែលជាសមាជិក​ ACT ដោយ​ចុចសនៅទីនេះACT ជា​កិច្ចសហការ​​រវាង​ក្រុមហ៊ុនម៉ាកយីហោ​​កម្រិតសកល​ និងសហជីពសកល IndustriALL ដែលតំណាង​ឱ្យ​កម្មករនិយោជិត​ក្នុងវិស័យ​​កាត់ដេរ និង​វាយនភ័ណ្ឌមកពីជុំវិញពិភពលោក​។ សមាជិក ACT ទាំងអស់​​ប្តេជ្ញា​​សហការ​គ្នា​ជួយ​ផ្លាស់ប្តូរ​​​ការកំណត់ប្រាក់ឈ្នួល និង​លក្ខខណ្ឌការងារ​​ក្នុង​វិស័យ​កាត់ដេរ និងវាយនភ័ណ្ឌសកល​។ ACT ស្វាគមន៍​ក្រុមហ៊ុនទាំងអស់​ក្នុងឧស្សាហកម្មនេះ​ដែល​មានទស្សនៈវិស័យ និងការ​ប្តេជ្ញា​ដូចគ្នានេះ​​។ ចុច​ here ដើម្បី​ស្វែងយល់​ពីរបៀប​ចូលជាសមាជិក ACT

ហេតុអ្វីចាំបាច់ត្រូវ​មាន ACT?

ACT ត្រូវ​បានបង្កើតឡើង  ​ដោយសារ​ដំណោះស្រាយ​លើ​បញ្ហា​នៃការ​ធានា​ប្រាក់​ឈ្នួលសមរម្យ​ក្រោម​ស្ថានភាព​នៃ​ការ​​ប្រកួត​ប្រជែង​ជា​សកល​ មិនអាចដោះស្រាយម្តងមួយក្រុមហ៊ុន ម្តងមួយក្រុមហ៊ុនឡើយ។ បញ្ហា​នេះ​ទាមទារ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោមក្រុមហ៊ុន និង​រវាង​​និយោជក និង​សហជីព ដើម្បី​ឈានទៅ​រកដំណោះស្រាយ​ដែល​មានប្រសិទ្ធភាព​ និងអាច​សម្រេច​បាន។​

អនុសញ្ញារួម​ថ្នាក់ជាតិ​ ផ្តល់​ការ​ប្រកួតប្រជែង​ដោយ​ស្មើ​ភាព​ដល់​​និយោជក​ទាំងអស់ក្នុងវិស័យនេះ។ ដើម្បីដោះស្រាយ​បញ្ហា​នៃការ​​ប្រកួត​ប្រជែងអន្តរជាតិ អភិក្រមនេះ​នឹង​​ត្រូវ​បានអនុវត្ត​ដំណាលគ្នា​ក្នុង​បណ្តា​ប្រទេស​ផ្គត់ផ្គង់​​សំខាន់ៗ​។ ទន្ទឹមនឹងនេះ (supportive purchasing practices) សកម្មភាពបញ្ជាទិញ​ពិសេស​​របស់​​ក្រុមហ៊ុន​ម៉ាកយីហោ​អន្តរជាតិ​​ដែលគាំទ្រ​ប្រទេស​ដំបូងៗ ដែលបាន​ចុះហត្ថលេខា​​​លើ​អនុសញ្ញារួម​នៅកម្រិត​ឧស្សាហកម្ម​ មានន័យថា ​​ការ​ដំឡើង​ប្រាក់ឈ្នួល​នឹង​​មិន​បង្កឱ្យបាត់បង់ឧត្តមភាព​ប្រកួត​ប្រជែងអន្តរជាតិ​ឡើយ។​ ក្នុង​សង្វាក់ផ្គត់ផ្គង់​សកល​​ត្រូវមាន​​អភិក្រម​ជា​សកល​មួយ ហើយ ​ACT នឹងផ្តល់​អភិក្រមនោះ។ ​អ្នកអាច​ទទួលបានព័ត៌មានបន្ថែមស្តីពី​​សេដ្ឋកិច្ចវិទ្យានៃ​​អភិក្រម ACT ក្នុង​ (background brief.) សេចក្តី​​សង្ខេប​សាវតាររបស់យើង។​

តើ​ ACT មានរចនាសម្ព័ន្ធគ្រប់គ្រង​​ដូចម្តេច?

ACT ​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​សមាជិក​ ដែល​ចូលរួម​ដោយ​ក្រុមហ៊ុនសាជីកម្មហត្ថលេខីទាំងអស់ និង​សហជីពសកល IndustriALL និង​ធ្វើប្រតិបត្តិការ​តាមរយៈ​​មូលនិធិ ACT ដែលជា​អង្គការ​ឯករាជ្យមិនស្វែងរកប្រាក់ចំណេញ​ និង​ដើរតួនាទី​ជា​លេខាធិការដ្ឋាន ACT។ ការងារ​របស់​មូលនិធិ ACT​ ត្រូវ​បានត្រួតពិនិត្យ​ដោយ​ក្រុមប្រឹក្សាភិបាល​ ដែល​មានតំណាង​ពីរនាក់​ (ម្នាក់​មកពីក្រុមហ៊ុនសាជីវកម្ម​ហត្ថលេខី​ និង​ម្នាក់ទៀតមកពី​សហជីពសកល IndustriALL)។

តើ​អ្វីជា​ “ប្រាក់ឈ្នួល” សមរម្យ?

​មានទស្សនៈផ្សេងៗជុំវិញ​​ប្រាក់ឈ្នួលសមរម្យ ហើយតួលេខដែលលើកឡើង​មានភាពខុសគ្នាខ្លាំង​។ ​មាន​ការ​យល់ស្រមជា​រួមថា ប្រាក់ឈ្នួលបច្ចុប្បន្ន​​ក្នុង​ប្រទេស​ផលិត​សំលៀកបំពាក់ភាគច្រើន មាន​កម្រិត​​ទាប​ជា​ង​ប្រាក់ឈ្នួលសមរម្យ​។ ACT កំណត់​និយមន័យប្រាក់ឈ្នួលសមរម្យ​ជា ​ប្រាក់ចំណូលអប្បបរមា​ចាំបាច់​ដែលអាច​ឱ្យកម្មករនិយោជិតបំពេញ​តម្រូវការ​មូលដ្ឋាន​របស់ខ្លួន និង​ក្រុមគ្រួសារ រួមទាំង​ប្រាក់​ចំណូល​សល់ពីកាត់ពន្ធ​មួយចំនួន​។​ ប្រាក់​ចំណូលនេះ​គួរ​រកបានក្នុងអំឡុង​ម៉ោង​​ការងារ​ស្របច្បាប់​ និង​មិន​គួរ​រួមបញ្ចូលប្រាក់ចំណូលពីការងារ​ថែមម៉ោង។​

តើ​ ACT នឹង​សម្រេច​បាន​ប្រាក់ឈ្នួលសមរម្យ​ដោយរបៀបណា?​

ACT ប្រកាន់ខ្ជាប់គោលការណ៍​ដែលកំណត់ថា ប្រាក់ឈ្នួល​សមរម្យអាច​សម្រេច​បានយ៉ាង​ល្អ​បំផុត​តាមរយៈ​​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម​ រវាង​និយោជក និងសហជីព។ ការ​ដំឡើងប្រាក់ឈ្នួលយ៉ាង​ច្រើន និង​ជាប់លាប់​ក្រោមការ​ចរចា​ដោយ​​ភាគីពាក់ព័ន្ធ ​នឹង​ជំរុញឱ្យមានការបង្កើន​​​ប្រាក់ឈ្នួលទាបដល់កម្រិត​​ប្រាក់ឈ្នួល​សមរម្យ។ កិច្ចព្រមព្រៀងទាំងនេះ​​ចងកាតព្វកិច្ចផ្លូវច្បាប់​ និង​ត្រូវ​អនុវត្ត​ដោយ​ក្រុមហ៊ុន​ហត្ថលេខី និងអាច​ពង្រីក​ឱ្យគ្របដណ្តប់​លើ​​ឧស្សាហកម្មទាំងមូលក្នុងប្រទេសមួយ​ ដែលនឹង​រួមបញ្ចូលកម្មករនិយោជិតគ្រប់រូប​ក្នុង​វិស័យនេះ។ ​ក្រុមហ៊ុនម៉ាកយីហោ​​ដែលជា​សមាជិក​ ACT នឹង​គាំទ្រ​ការ​ដំឡើង​ប្រាក់ឈ្នួល​យ៉ាងច្រើន និង​ជាបន្តបន្ទាប់ តាមរយៈការ​​ដាក់បញ្ចូល​ប្រាក់ឈ្នួល​ខ្ពស់​ក្នុង​តម្លៃបញ្ជាទិញ​ ហើយ​នឹងគាំទ្រ​​កិច្ចខិតខំប្រឹងប្រែង​បង្កើនផលិតភាព និង​ប្រសិទ្ធភាព​តាមរយៈ​វិធានការ​នានា ដូចជា ការ​ព្យាករណ៍ និងការ​រៀបចំ​ផែនការ​ប្រសើរជាងមុន។ ប្រាក់ឈ្នួលដែលបាន​ចរចា​ ប្រែប្រួលទៅតាម​​បរិបទ​ជាតិ។

សមាជិក ACT នឹង​ដាក់បញ្ចូលប្រាក់ឈ្នួលខ្ពស់​ក្នុងតម្លៃដែលពួកគេ​ទូទាត់ជូនក្រុមហ៊ុនផ្គត់ផ្គង់​ ហើយនឹង​ជួយ​បង្កើនប្រសិទ្ធភាព​ក្នុងឧស្សាហកម្មនេះផងដែរ។ ក្រុមហ៊ុនម៉ាកយីហោ​​ដែលជា​សមាជិក​ ACT បានកំណត់ការ​ប្តេជ្ញាទទួល​យក​ការ​ផ្គង់ផ្គត់ពីប្រទេស​ជាក់លាក់​​ ដោយមានការពិគ្រោះយោបល់ជាមួយ​​ប្រទេស​ផលិត​ ដែលត្រូវ​ចូលរួមមុនគេ​ក្នុង​​ការ​ចរចា​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម។ ​វិធានការ​គាំទ្រ​ ដូចជា ​ការ​ធានា​ទំហំ​នៃការផ្គត់ផ្គង់​ នឹង​អាស្រ័យលើ​​​និយោជក និង​កម្មករនិយោជិត​​ដែល​ឯកភាព​គ្នា​លើ​​ការ​ដំឡើង​ប្រាក់ឈ្នួល​លើស​ពី​​កម្រិតអតិផរណា និង​កំណើនផលិតភាព។ ទន្ទឹមនឹងនេះ ACT នឹង​ធ្វើការជាមួយ​ក្រុមហ៊ុនផលិត​​នៅកម្រិត​ប្រទេស​ដើម្បី​បង្កើត   និងអនុវត្ត​​ការ​កែលម្អ​​លើ​​ស្តង់ដា និងប្រព័ន្ធផលិត​ ដូចជា ​ការគ្រប់គ្រង​ធនធានមនុស្សប្រកប​ដោយប្រសិទ្ធភាព ការអភិវឌ្ឍជំនាញ និង​ប្រព័ន្ធ​គ្រប់គ្រង​ប្រាក់ឈ្នួល។​

តើ​អ្វីជា​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម?​

​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម​ មានន័យថា ​អង្គការ​តំណាង​របស់​និយោជក និង​សហជីព ចុះកិច្ចព្រមព្រៀង​ចង​កាតព្វកិច្ច​​ស្តីពីប្រាក់ឈ្នួល និង​លក្ខខណ្ឌការងារ​ដែល​គ្របដណ្តប់​លើ​​សមាជិក​ទាំងអស់​ (ទាំង​កម្មករនិយោជិត និងនិយោជក) ក្នុងវិស័យ ឬឧស្សាហកម្មណាមួយ។ ACT ​ត្រូវ​បាន​បង្កើតចេញពីការ​ទទួលស្គាល់ថា ការ​កែលម្អប្រាក់ឈ្នួល និង​លក្ខខណ្ឌការងារ​ប្រកប​ដោយ​និរន្តរភាព អាច​សម្រេច​បាន​ល្អបំផុត​តាមរយៈ​អនុសញ្ញារួម​ថ្នាក់ជាតិនៅកម្រិតឧស្សាហកម្ម​ ដែលគាំទ្រ​ដោយ​​សកម្មភាពបញ្ជាទិញអន្តរជាតិ។ អ្នកអាច​ស្វែង​យល់បន្ថែម​ក្នុងផ្នែកស្តីពី​អនុសញ្ញា​រួមនៅកម្រិត​ឧស្សាហកម្ម និង​ក្នុង (background brief.​) សេចក្តីសង្ខេប​សាវតារបស់យើង។​

តើអ្វីជា​សកម្មភាពបញ្ជាទិញ?

​សកម្មភាពបញ្ចាទិញជា​របៀបធ្វើទំនាក់ទំនង និង​ធុរកិច្ច​​របស់​​​ក្រុមហ៊ុនម៉ាកយីហោ​កម្រិតសកល និង​អ្នកលក់រាយ​ ជាមួយនឹង​​ក្រុមហ៊ុនផលិត​ ដែល​ផ្គត់ផ្គង់​ផលិត​ផល​ដល់​​ក្រុមហ៊ុនម៉ាកយីហោ​ និង​អ្នកលក់រាយ​ទាំងនោះ​។ ​សកម្មភាពបញ្ជាទិញរួមបញ្ចូល​​ការរៀបចំផែនការ​យុទ្ធសាស្រ្ត ការកំណត់​ប្រភពផ្គត់ផ្គង់ ការអភិវឌ្ឍ ការ​បញ្ជាទិញ និង​អាកប្បកិរិយា គុណតម្លៃ និង​គោលការណ៍​​ពាក់ព័ន្ធដែល​បង្កផលប៉ះពាល់​លើ​កម្មករនិយោជិត​។ សកម្មភាពបញ្ជាទិញ​ដ៏​ល្អ​របស់​ក្រុមហ៊ុនម៉ាកយីហោ​ និងអ្នកលក់រាយ​ ជា​កត្តាសំខាន់ដែលលើកកម្ពស់​លក្ខខណ្ឌការងារ​ល្អប្រសើរ​។ ​ផ្ទុយទៅវិញ សកម្មភាពបញ្ជាទិញ​មិនល្អ​ អាច​បង្កផលប៉ះពាល់​អវិជ្ជមានលើ​ក្រុមហ៊ុនផ្គត់ផ្គង់​ និងកម្មករនិយោជិត​ក្នុងសង្វាក់ផ្គត់ផ្គង់សកល​ និង​អាច​រួមចំណែក​បង្ក​លក្ខខណ្ឌការងារ​មិនល្អ​​ ការចុះកិច្ចសន្យាបន្ត​ដោយគ្មាន​ការអនុញ្ញាត​ វិវាទការងារ និង​កូដកម្ម​ និង​ប្រាក់ឈ្នួល​ដែល​​មិនបំពេញតម្រូវការ​មូលដ្ឋាន​របស់កម្មករនិយោជិត និងក្រុមគ្រួសារ​ក្នុង​ប្រទេស​​ផលិត​សំលៀកបំពាក់​។ ក្រុមហ៊ុនម៉ាកយីហោ​ដែលជាសមាជិក ACT កត់សម្គាល់ពីទំនាក់ទំនង​ស្អិត​រមួត​រវាង​សកម្មភាពបញ្ជាទិញ លក្ខខណ្ឌ​ការងារ និង​ការ​ផ្តល់ប្រាក់ឈ្នួលសមរម្យ។​

ប្រាក់ឈ្នួលសមរម្យ និង​ការ​ប្រកួត​ប្រជែងអន្តរជាតិ​

តើ​ ACT ខុសប្លែកដូចម្តេច​ពី​គំនិតផ្តួចផ្តើម​ប្រាក់ឈ្នួល​សមរម្យ​ផ្សេងទៀត​?​

ភាពខុសគ្នា​ដ៏សំខាន់​មិនមែន​គោលដៅ​ឡើយ ប៉ុន្តែគឺមធ្យោបាយទៅវិញ។ ​ឧ. អភិក្រម​ប្រាក់ឈ្នួលអប្បបរមា​នៅអាស៊ី (Asian Floor Wage) បាន​ធ្វើសកម្មភាពជាច្រើនដើម្បី​បង្កើនការយល់ដឹង​ជា​សាធារណៈស្តីពី​ប្រាក់ឈ្នួលទាប​ក្នុង​ប្រទេសផលិត​វាយនភ័ណ្ឌជាច្រើន​ ហើយ​ក្នុង​សម្ព័ន្ធ​ប្រាក់ឈ្នួលសមរម្យ Richard និង Martha Anker បានបង្កើត​​​មធ្យោបាយ​​ស្ថិតិ​គួរ​ឱ្យទុកចិត្ត​ដើម្បី​​គណនា​​ចំណាយ​សម្រាប់​ប្រាក់ឈ្នួល​សមរម្យ​។ ទោះជាយ៉ាងណា អភិក្រមទាំងនេះ​​មិន​អាច​ផ្តល់​ដំណោះស្រាយ​សម្រាប់​​ការ​បង្កើន​ប្រាក់ឈ្នួល​ក្នុង​បរិបទ​នៃការ​ប្រកួតប្រជែង​សកល​ឡើយ។ នេះជា​ចំណុច​ខុសប្លែក​​ទាំងស្រុង​សម្រាប់ ACT។ ទំនាក់ទំនង​រវាង​សកម្មភាព​បញ្ជាទិញអន្តរជាតិ និង​អនុសញ្ញា​រួមថ្នាក់ជាតិ ជាយន្តការ​ដែល​ផ្តល់​សេរីភាពសេដ្ឋកិច្ច​ និង​ក្របខ័ណ្ឌស្ថាប័ន​ដល់​ដៃគូចរចាថ្នាក់ជាតិ ជាអ្វី​ដែលត្រូវការ​ចាំបាច់​ដើម្បី​សម្រេច​បាន​​ការ​កែលម្អ​យ៉ាងច្រើន និង​ជា​បន្តបន្ទាប់លើលក្ខខណ្ឌការងារ​ និង​ប្រាក់ឈ្នួល។​

ហេតុអ្វី​​ក្រុមហ៊ុនម៉ាកយីហោ​​មិន​ផ្តល់ប្រាក់ឈ្នួលខ្ពស់​ដល់កម្មករកាត់ដេរតែម្តងទៅ​?​

​មាន​មូលហេតុជាច្រើន ដែល​​​ក្រុមហ៊ុនម៉ាកយីហោ​មិនអាចផ្តល់​​ដំណោះស្រាយ​ដ៏​សាមញ្ញនេះ​បាន​។ ក្រុមហ៊ុនម៉ាកយីហោ​ភាគច្រើន​គ្មានរោងចក្រផ្ទាល់ខ្លួន​នោះទេ និង​ទិញ​​​សំលៀកបំពាក់​ផលិត​ស្រាប់​ពី​​ក្រុមហ៊ុនផ្គត់ផ្គង់​​ដែល​ដំណើរការ​រោងចក្រ ជួលកម្មករនិយោជិត និង​ផ្តល់​ប្រាក់ឈ្នួលដល់ពួកគេ។ ​ដូច្នេះ ប្រសិនបើក្រុមហ៊ុនម៉ាកយីហោ​​ទូទាត់តម្លៃ​​ខ្ពស់​សម្រាប់ការ​ទិញដុំ​ដល់​ក្រុមហ៊ុនផ្គត់ផ្គង់ ​សកម្មភាពនេះនឹង​មិននាំឱ្យមាន​​ការ​ដំឡើង​ប្រាក់ឈ្នួលដោយស្វ័យប្រវត្តិឡើយ​ ប្រសិនបើ​គ្មានយន្តការ​​ ឬការ​ត្រួតពិនិត្យ​ដើម្បីធានា​ថា កម្មករនិយោជិតពិតជា​​ទទួលបាន​ប្រាក់ឈ្នួលខ្ពស់ប្រាកដមែន។ នេះ​ជា​មូលហេតុ​​ដែលត្រូវ​មាន​ការ​បង្កើត​​អង្គការ​កម្មករនិយោជិត​​ដើម្បីចរចា​ប្រាក់ឈ្នួល និង​តំណាង​ឱ្យ​​សមាជិក​របស់ខ្លួននៅពេល​តតាំងជាមួយ​និយោជក​។ ក្រៅពីនេះ រោងចក្រភាគច្រើន​​ផ្គត់ផ្គង់ផលិតផល​ដល់​​អ្នកបញ្ជាទិញជា​ច្រើន ហើយក្នុង​បរិយាកាស​បច្ចុប្បន្ន​ ក្រុមហ៊ុនដែល​ចំណាយច្រើន​លើ​​កម្លាំងពលកម្ម​ នឹង​​​ត្រូវ​រងផលប៉ះពាល់​ នៅពេល​ប្រឈមជាមួយ​ក្រុមហ៊ុនប្រកួត​ប្រជែង​ ដែល​​ដាក់​តម្លៃទាប​លើការ​បញ្ជាទិញពី​រោងចក្រតែមួយ​​។ ក្រុមហ៊ុនផ្គត់ផ្គង់នីមួយៗ​ក៏​នឹងរងសម្ពាធពីក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងទៀតផងដែរ​ ប្រសិនបើ​​​ពួកគេផ្តល់ប្រាក់ឈ្នួលខ្ពស់​ ខណៈដែល​ក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងទៀត​មិនអាច​ធ្វើដូច្នេះបាន ដោយសារតែ​​មិនទទួលបានការគាំទ្រ​ដូចគ្នា​ពី​ក្រុមហ៊ុន​ម៉ាកយីហោ​របស់ពួកគេ​។ ​នៅពេលគ្មាន​​ការ​ប្រកួតប្រជែងដោយ​​ស្មើភាព​ និង​ស្តង់ដាប្រាក់ឈ្នួលរួម ក្រុមហ៊ុនម៉ាកយីហោ​​ដែល​​ទូទាត់​តម្លៃ​ខ្ពស់សម្រាប់​ការ​បញ្ជាទិញ  នឹង​​ប្រឈមនឹង​ការ​បាត់បង់​ឧត្តមភាព​​ប្រកួតប្រជែង   ព្រោះនៅតែមានអាជីវកម្មដែល​ព្យាយាម​​ក្តោបក្តាប់ចំណែកទីផ្សារ​​តាមរយៈការ​ផ្តល់ប្រាក់ឈ្នួលទាប​ដល់កម្មករនិយោជិត​។

តើក្រុមហ៊ុនម៉ាកយីហោ​​នឹង​ចាកចេញ និងប្តូរ​ទីតាំង​​ផលិត​នៅកន្លែង​ផ្សេងទៀត ឬទេ ប្រសិនបើមានការ​ផ្តល់​ដំឡើង​​​ប្រាក់ឈ្នួលខ្ពស់ពេក​​ក្នុងប្រទេស​មួយ?​

មាន​​កត្តាជាច្រើន​ដែលកំណត់​ទីតាំង​ផលិតកម្ម​ ប៉ុន្តែ​ប្រសិនបើ​​ប្រទេសមួយ​មានសមត្ថភាព​ទាប​ក្នុងការប្រកួត​ប្រជែងលើគុណភាព   ជំនាញ ការបញ្ជូនទំនិញទាន់ពេលវេលា ហេដ្ឋារចនាសម្ព័ន្ធ  និង​ស្តង់ដាខ្ពស់​ផ្នែក​សង្គម និង​បរិស្ថាន ចំណាយ​លើ​​កម្លាំងពលកម្មនឹង​ក្លាយ​ជាកត្តា​កំណត់​ដ៏សំខាន់មួយ និង​ជា​ឧត្តមភាព​ប្រកួត​ប្រជែងតែមួយគត់​។ ​ការ​ប្រកួត​ប្រជែងផ្នែក​​ចំណាយលើ​កម្លាំងពលកម្ម​ក្នុង​ឧស្សាហកម្មកាត់ដេរដែលមានការ​ប្រែប្រួលយ៉ាង​ឆាប់រហ័ស ជា​ផ្លូវ​​ទាល់ច្រក​​សម្រាប់​​ប្រទេស​នានា និង​មិន​ផ្តល់​ឱកាស​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឡើយ។ ដូច្នេះ ការបញ្ចូល​​ចំណាយខ្ពស់​លើ​កម្លាំងពលកម្ម​ក្នុង​​សកម្មភាពបញ្ជាទិញ​ ត្រូវ​គួបផ្សំនឹង​ការ​រៀបចំផែនការ និង​ការព្យាករណ៍​​ល្អប្រសើរ​ និងការប្តេជ្ញាយូរអង្វែង​ចំពោះក្រុមហ៊ុនផ្គត់ផ្គង់​។ ពោលគឺ​យុទ្ធសាស្រ្ត​នៃការ​ស្វែងរក​​ក្រុមហ៊ុនផ្គត់ផ្គង់​ល្អបំផុត មិនមែន​ក្រុមហ៊ុនផ្គត់ផ្គង់​ដែល​កំណត់តម្លៃ​ទាបជាងគេ​​នោះទេ។ ​ក្រុមហ៊ុនម៉ាកយីហោ​ដែលជាសមាជិក ACT បាន (committed ​) ប្តេជ្ញាអនុវត្ត​គោលការណ៍នេះ។​ សម្រាប់ប្រទេសនានា វា​អាច​ជា​ហានិភ័យខ្ពស់​ក្នុងការព្យាយាម​​​អនុវត្ត​យុទ្ធសាស្រ្ត​ប្រាក់ឈ្នួលទាប​​ ជាង​ការ​ឆ្លៀតឱកាស​​ចាប់ដៃគូជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុនម៉ាកយីហោ​សកល​​ដើម្បីធ្វើទំនើបកម្ម​ឧស្សាហកម្មរបស់ខ្លួន។​​ ក្នុងការ​​បង្កើនផលិតភាព ដំណើរការអនុសញ្ញារួម និង​​ការដំឡើង​ប្រាក់ឈ្នួល​ មិនអាច​កាត់ផ្តាច់ពី​យុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការ​​​បានឡើយ។ នេះជា​ផ្នែកដ៏សំខាន់​មួយនៃ​យុទ្ធសាស្រ្ត​ចីរភាព​រយៈពេល​វែង។​

តើ​ ACT នឹង​ធ្វើ​ឱ្យមាន​​តម្លៃ​លក់​រាយ​ទាប​សម្រាប់​អ្នកប្រើប្រាស់ ឬទេ?

តម្លៃ​លក់រាយ​របស់ផលិតផល​មួយ​ អាស្រ័យលើ​កត្តា​ជាច្រើន ដូចជា ​ថ្លៃជួលហាង ថ្លៃ​ដឹកជញ្ជូន ពន្ធ និងភាពអនុគ្រោះផ្នែក​ពាណិជ្ជកម្ម​ ​ការ​ប្រែប្រួលអត្រា​ប្តូរប្រាក់​ ថ្លៃទិញក្រណាត់​ គុណភាព​នៃការ​រចនា និង​​ឌីណាមិកទីផ្សារ។ ​តាមពិត ប្រាក់ឈ្នួល​ក៏ជា​កត្តា​កំណត់​តម្លៃដ៏សំខាន់មួយផងដែរ។ ​គោលដៅ​ចម្បង​គឺ​ត្រូវ​ធ្វើ​ឱ្យប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ​ល្អប្រសើរ​ក្លាយជា​​ស្តង់ដាសកល​ដែលបញ្ចូល​ក្នុង​ថ្លៃដើមផលិតផល​សម្រាប់អ្នកផលិតនីមួយៗ និង​ក្នុង​ការ​គណនា​តម្លៃ​​​ដោយ​​ក្រុមហ៊ុនម៉ាកយីហោ​ និង​​អ្នកលក់រាយ​នីមួយៗ​។​ ទោះជាយ៉ាងណា ដោយសារមានកត្តា​ជាច្រើនដែលកំណត់​តម្លៃ​លក់រាយចុងក្រោយ ចំណុចនេះនឹងមិនធ្វើ​ឱ្យមាន​​ការ​ដំឡើង​ថ្លៃ​លើ​អ្នកប្រើប្រាស់ឡើយ។

អនុសញ្ញា​រួមនៅកម្រិតឧស្សាហកម្ម

តើនរណាខ្លះ​ពាក់ព័ន្ធក្នុង​​ដំណើរការអនុសញ្ញារួម?​

​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម​ មានន័យថា ​អង្គការ​តំណាង​របស់​និយោជក និង​សហជីព ចុះកិច្ចព្រមព្រៀង​ចង​កាតព្វកិច្ច​​ស្តីពីប្រាក់ឈ្នួល និង​លក្ខខណ្ឌការងារ​ដែល​គ្របដណ្តប់​លើ​​សមាជិក​ទាំងអស់​ (ទាំង​កម្មករនិយោជិត និងនិយោជក) ក្នុងវិស័យ ឬឧស្សាហកម្មណាមួយ។ ក្នុង​ដំណើរ​ការឆ្ពោះទៅរក​អនុសញ្ញា​រួម​​នៅកម្រិតឧស្សាហកម្ម​ អង្គការ​តំណាង​របស់​និយោជក និង​សហជីព​​ ចាត់តំណាង​របស់ខ្លួនឱ្យ​ចរចា​កិច្ចព្រមព្រៀងនេះ​។ ជាទូទៅ អង្គការ​និយោជក និង​សហជីព​​​ ស្វះស្វែង​រក​អាណត្តិ​ពី​សមាជិក​ ដើម្បី​​ចរចា​ និង​សម្រេច​កិច្ចព្រមព្រៀង​មួយ ព្រោះកិច្ចព្រមព្រៀងនោះ​នឹងអនុវត្ត​ចំពោះ​សមាជិកទាំងនោះ​។

ហេតុអ្វីអភិក្រម ACT ផ្អែកលើ​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម?

​ដើម្បីផ្សារភ្ជាប់ប្រក​បដោយអត្ថន័យរវាងសកម្មភាពបញ្ជាទិញរបស់​ក្រុមហ៊ុនម៉ាកយីហោ​​​ និង​ប្រាក់​ឈ្នួល     គេ​ត្រូវមានអនុសញ្ញារួម​មួយ​ដែលផ្តល់​​​យន្តការពង្រឹងការអនុវត្តន៍​ចាំបាច់​ដើម្បី​ធានា​ការផ្តល់ប្រាក់ឈ្នួលខ្ពស់​ដល់​​កម្មករនិយោជិត​។ ​ការផ្សារភ្ជាប់នេះមិនអាច​អនុវត្តនៅកម្រិត​​រោងចក្រ​បានឡើយ​ ព្រោះ​រោងចក្រទាំងឡាយ​ផ្គត់ផ្គង់​ផលិតផលដល់​​ក្រុមហ៊ុនម៉ាកយីហោ​​ផ្សេងៗជាច្រើន ហើយ​ទំនាក់ទំនងក្នុងការផ្គត់ផ្គង់​​មានការ​ប្រែប្រួលញឹកញាប់​។ នេះ​ក៏ជា​​​ការបាត់បង់ឧត្តមភាព​​ប្រកួត​ប្រជែង​សម្រាប់​​ក្រុមហ៊ុនម៉ាកយីហោ​នីមួយៗផងដែរ​។ ការ​ផ្សារភ្ជាប់នឹង​​កិច្ចព្រមព្រៀងនៅកម្រិតឧស្សាហកម្ម​ មិនត្រឹមតែផ្តល់​​ការ​ប្រកួត​ប្រជែងដោយ​​​ស្មើភាព​លើ​​​ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ​ដែល​អាច​អនុវត្ត​បានក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជំរុញ​ការ​ប្តេជ្ញាចិត្ត​ក្នុងសកម្មភាព​បញ្ជាទិញរបស់​​ក្រុមហ៊ុនម៉ាកយីហោ​ដែលជា​សមាជិក ACT ឱ្យស្រប​នឹង​​​ស្តង់ដា​ដែលបន្ស៊ីគ្នា និង​​មានតម្លាភាពទៀតផង។ ជារួម ​នេះជា​វិធី​ជា​ប្រព័ន្ធ​ និង​មានប្រសិទ្ធភាព ​​សម្រាប់​ធានា​ការ​ប្តេជ្ញា​របស់​​ក្រុមហ៊ុនម៉ាកយីហោ​ក្នុងការផ្តល់​​ប្រាក់ឈ្នួល​សមរម្យ​។ ដំណើរការ ACT មានគោលដៅធានាថា ​សកម្មភាព​បញ្ជាទិញរបស់​ក្រុមហ៊ុនម៉ាកយីហោ​ដែលជាសមាជិក ACT​ ក្លាយ​ជា​​ចំណុច​ដៅអន្តរជាតិ​ដែលនឹង​ផ្តល់​​លំហសេដ្ឋកិច្ច​ដល់​​​ក្រុមហ៊ុនផលិត​ក្នុងការដំឡើងប្រាក់ឈ្នួលដែលបានចរចា និង​​ការ​កែលម្អ​​លក្ខខណ្ឌការងារ។ ​សម្រាប់ខ្លឹមសារលម្អិត សូមអាន​​សេចក្តី​សង្ខេប​សាវតារ​របស់យើង។​​

តើ​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម​ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?​

​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម ៖

 • បង្កើត​ការ​ប្រកួត​ប្រជែងដោយស្មើភាពសម្រាប់និយោជកទាំងអស់​
 • ​ការ​ប្រកួត​ប្រជែង​ដ៏ជោគជ័យត្រូវ​ផ្អែកលើ​​នវានុវត្តន៍ និង​ភាព​ច្នៃប្រឌិត មិនមែន​ការ​ដាក់​សម្ពាធលើ​ប្រាក់ឈ្នួលឡើយ​
 • ជំរុញកំណើនផលិតភាព​ និង​ទំនើបកម្មឧស្សាហកម្ម
 • ផ្លាស់ប្តូរ​​ពី​ការ​ចរចា​​ផ្សេងៗនៅតាមក្រុមហ៊ុន និង​វិវាទជុំវិញ​ប្រាក់ឈ្នួល ទៅជា​​​ដំណើរការ​ចរចា​ដែលមាន​ប្រសិទ្ធភាព​នៅ​កម្រិតឧស្សាហកម្ម​
 • ​ផ្តល់​​លក្ខខណ្ឌ​​ដែល​កាន់តែមានស្ថិរភាព និង​អាចព្យាករណ៍បាន​សម្រាប់ការវិនិយោគ និង​កំណើនអាជីវកម្ម​
 • ជួយ​ឱ្យនិយោជក និង​កម្មករនិយោជិត​​តម្រឹមតម្រង់​​គោលនយោបាយ​ប្រាក់ឈ្នួល​ទៅនឹង​​តម្រូវការអភិវឌ្ឍន៍​តាមវិស័យ​
 • កាត់បន្ថយ​អត្រាខ្ពស់នៃផ្លាស់ចេញចូលបុគ្គលិក​ ព្រោះមានការផ្តល់​ប្រាក់ឈ្នួលប្រហាក់ប្រហែល​គ្នានៅទូទាំង​វិស័យនេះ​
 • ​ធានា​បាននូវ​សន្តិភាព​ និង​ទំនាក់ទំនង​បែប​ស្ថាបនាក្នុងឧស្សាហកម្មរវាង​​និយោជក និងកម្មករនិយោជិត​
 • ​សម្របសម្រួល​​ដំណោះស្រាយ​ផ្អែក​តាម​ស្ថានការណ៍​ ទៅតាម​តម្រូវការអាជីវកម្ម​ដែលមានភាពបត់បែន​ក្នុងសេដ្ឋកិច្ច និង​​តម្រូវការ​សន្តិសុខ​មូលដ្ឋាន​របស់​កម្មករនិយោជិត
 • ធានា​ថា កម្មករនិយោជិត​កាន់តែច្រើន​​ត្រូវ​បាន​រួមបញ្ចូល​ក្នុង​អនុសញ្ញារួម​ រួមទាំង​ជនទេសន្តរប្រវេសន៍ កម្មករនិយោជិតជាប់កិច្ចសន្យា​ និង​កម្មករនិយោជិតក្នុងក្រុមហ៊ុនខ្នាតតូច
 • ​ប្រែក្លាយ​​នវានុវត្តន៍ ទំនើបកម្មឧស្សាហកម្ម និង​ការអភិវឌ្ឍជំនាញទៅជា​​​​កត្តា​សំខាន់ៗ​ដែល​កំណត់ភាពជោគជ័យនៃអាជីវកម្ម ជាជាង​ការ​ប្រកួតប្រជែងលើ​​ប្រាក់ឈ្នួល។​​
តើ​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម​ ខុសប្លែក​​ដូចម្តេច​ពី​​យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា?

ប្រាក់ឈ្នួលអប្បបរមា​​​ជា​ប្រាក់ឈ្នួលទាបបំផុត​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់ ​ក្នុងប្រទេស​    ឬវិស័យមួយ។ វាត្រូវ​បានកំណត់​ដោយ​រដ្ឋាភិបាល​ ដែល​ពេលខ្លះ ឆ្លងកាត់​ការពិគ្រោះ​យោបល់ជាមួយ​​​តំណាង​សហជីព និងតំណាងនិយោជក។ ក្នុង​ប្រទេស​ផលតិ​សំលៀកបំពាក់​ធំៗ​ភាគច្រើន​ ​ប្រាក់ឈ្នួល​របស់កម្មករកាត់ដេរ​​​ត្រូវ​បានកំណត់​តាមរយៈយន្តការ​កែសម្រួល​ប្រាក់ឈ្នួល​អប្បបរមា ប៉ុន្តែ​ជាញឹកញាប់ ប្រាក់ឈ្នួលអប្បបរមា​​ទាប​ជាង​​កម្រិត​ប្រាក់ឈ្នួលសមរម្យ​​សម្រាប់​ប្រទេសនោះ។ ការ​កែសម្រួល​​ប្រាក់ឈ្នួល​អប្បបរមាមិនអាច​​ដោះស្រាយ​កត្តា​ផ្សេងទៀត ​ដែល​បង្កផលប៉ះពាល់យ៉ាងខ្លាំង​លើប្រាក់ឈ្នួលបានឡើយ (ឧ. ម៉ោងការងារ​ ប្រភេទកិច្ចសន្យា និង​អត្ថប្រយោជន៍មិនមែនប្រាក់ឈ្នួល)​ ហើយ​ក៏​​មិន​ពិចារណា​ពី​​​ផ្នែកសំខាន់​ៗក្នុង​អាជីវកម្ម​ដែរ​​ (ឧ.​​ ផលិតភាព និងការអភិវឌ្ឍជំនាញ​)។​ អនុសញ្ញា​រួមនៅកម្រិតឧស្សាហកម្ម​ ផ្អែកលើ​យន្តការ​​ប្រាក់ឈ្នួល​អប្បបរមាតាមរយៈការ​កំណត់​​ប្រាក់ឈ្នួលខ្ពស់​​ និង​រចនាសម្ព័ន្ធ​ប្រាក់ឈ្នួល​ ការ​ត្រួតពិនិត្យ​​លក្ខខណ្ឌការងារផ្សេងទៀត ដូចជា​ ម៉ោង​ការងារ​ សុខភាព និងសុវត្ថិភាព និងការងារ​ថែមម៉ោង និងការ​​ដោះស្រាយបញ្ហា​ប្រឈម​​ក្នុងការ​អភិវឌ្ឍជំនាញ ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ និង​កំណើន​ផលិតភាព។​

តើ​ចំណុចនេះ​មានន័យថា ​រោងចក្រទាំងអស់នឹង​​​ផ្តល់ប្រាក់ឈ្នួល​សមរម្យ​​ក្រោយការ​ចុះកិច្ចព្រមព្រៀងមួយ ឬ?​

ទស្សនាទានប្រាក់ឈ្នួលសមរម្យ​​ មិន​ផ្សារភ្ជាប់​នឹង​​កម្រិត​ប្រាក់ឈ្នួលជាក់លាក់មួយឡើយ​ ទោះ​បីជា​​មានការ​លើកឡើងជាច្រើន​ពាក់ព័ន្ធនឹងអ្វីដែល​បង្កើតបានជាប្រាក់ឈ្នួលសមរម្យ ក្នុងបរិបទ​មួយក៏ដោយ។ ក្នុង​អនុសញ្ញា​រួមនៅកម្រិត​ឧស្សាហកម្ម​ និយោជក និង​សហជីព ចរចា​​កម្រិត​ប្រាក់ឈ្នួល​មួយដែល​ពិចារណា​លើកត្តា​ជាច្រើន​ ដូចជា ​សមត្ថភាព​ទូទាត់ប្រាក់ឈ្នួល​ ជាអ្វីដែល​និយោជក​លើកឡើង​ញឹកញាប់ថា​ជា​​ឧបសគ្គដ៏ធំបំផុត​សម្រាប់​ការ​ផ្តល់ប្រាក់ឈ្នួល​ខ្ពស់។ កិច្ចព្រមព្រៀងនៅកម្រិត​ឧស្សាហកម្ម​ដែល​​ត្រូវ​បានចរចា​ក្នុង​ដំណើរការ ACT នឹង​​គាំទ្រ​ដោយការប្តេជ្ញា​​របស់ក្រុមហ៊ុនម៉ាកយីហោ​ដែលជាសមាជិក ACT ​ដើម្បីធានាថា ​សកម្មភាពបញ្ជាទិញរបស់​ក្រុមហ៊ុនម៉ាកយីហោ​​គាំទ្រ​​ដល់ការ​ទូទាត់ប្រាក់ឈ្នួលដែលបានចរចា​។ ការ​គាំទ្រ​របស់​ក្រុមហ៊ុនម៉ាកយីហោ​​នឹង​​យោងទៅតាម​​កំណើន​ប្រាក់ឈ្នួល​​យ៉ាងច្រើន និងជា​បន្តបន្ទាប់​។ បន្ទាប់ពីកិច្ចព្រមព្រៀង​ចូលជា​ធរមាន​ ​វា​នឹង​អាចអនុវត្ត​បាន ហើយ​​និយោជកទាំងអស់​ដែល​គ្របដណ្តប់​ដោយកិច្ចព្រមព្រៀងនេះ​ ត្រូវអនុលោម​តាម​លក្ខខណ្ឌ​ ឬ​ប្រឈមនឹង​វិធានការពង្រឹង​ការ​អនុវត្ត​​។

តើ​​ការអនុវត្តអនុសញ្ញារួម​ត្រូវបានត្រួតពិនិត្យដូចម្តេច?

សហជីព និង​និយោជក ដែលជាភាគីនៃកិច្ចព្រមព្រៀងនេះ ​ដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​ត្រួតពិនិត្យការអនុវត្ត​។ កម្មករនិយោជិត​អាចលើក​​ឡើងជាមួយ​សហជីពរបស់ខ្លួន ពាក់ព័ន្ធនឹង​​​និយោជកដែលរំលោភកិច្ចព្រមព្រៀង​ ហើយអង្គការនិយោជក​មានតួនាទី​ធានាថា​ សមាជិកទាំងអស់អនុលោមតាមកិច្ចព្រមព្រៀងនោះ​។​ ក្នុង​អនុសញ្ញារួម​ ជាធម្មតា​គឺ​និយោជក និង​កម្មករនិយោជិត​​កំណត់​យន្តការ​រួមមួយដើម្បីលើកឡើង និងដោះស្រាយ​​ទំនាស់​ពាក់ព័ន្ធនឹង​​កិច្ចព្រមព្រៀង។ ជាទូទៅ អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម​ ត្រូវ​បាន​ចុះបញ្ជីជាមួយ​រដ្ឋាភិបាល និងអាច​មាន​​យន្តការ​ពង្រឹង​ការអនុវត្ត​ស្របច្បាប់ផ្សេងៗ​។ តាមរយៈដំណើរការ ACT ​ក្រុមហ៊ុនម៉ាកយីហោ​ជា​សមាជិក​ ប្តេជ្ញា​ធ្វើការតែជាមួយ​ក្រុមហ៊ុនផ្គត់ផ្គង់​ដែល​អនុលោមតាម​​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្មប៉ុណ្ណោះ​​  បន្ទាប់ពី​ការ​ចុះហត្ថលេខា​។

សកម្មភាពបញ្ជាទិញ​របស់ក្រុមហ៊ុនម៉ាកយីហោ​សកល និង​ការគាំទ្រ​ប្រទេស​

តើ​សកម្មភាព​បញ្ជាទិញ​របស់ក្រុមហ៊ុនម៉ាកយីហោ​​​សកលមានតួនាទីអ្វី​ក្នុង​ការ​ទូទាត់ប្រាក់ឈ្នួល​សមរម្យ?​

សមាជិក ACT ​កត់សម្គាល់ថា សកម្មភាពបញ្ជាទិញមិនល្អ​ អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុនផ្គត់ផ្គង់មានលទ្ធភាព​ទាប​ក្នុងការ​ផ្តល់ប្រាក់ឈ្នួលសមរម្យ​ និង​លក្ខខណ្ឌការងារ​ល្អ។ ក្រុមហ៊ុនម៉ាកយីហោ​ដែលជា​សមាជិក ACT បានប្តេជ្ញា​ធានាថា សកម្មភាព​បញ្ជាទិញរបស់ពួកគេ​នឹង​សម្រួល​ដល់ការទូទាត់ប្រាក់ឈ្នួលសមរម្យ​ តាមរយៈ​ការ​វាយតម្លៃ និងកែលម្អ​សកម្មភាព​បញ្ជាទិញរបស់ពួកគេ​។ ​សមាជិក ACT ទទួលស្គាល់ថា ​ការ​ផ្លាស់ប្តូរ​វប្បធម៌នៃការ​បញ្ជាទិញរបស់ក្រុមហ៊ុនម៉ាកយីហោ​ពី​ក្រុមហ៊ុនផ្គត់ផ្គង់ ជាកត្តា​ចាំបាច់​​​ក្នុងការធានាថា សកម្មភាពបញ្ជាទិញរបស់ពួកគេ​អាច​​ឱ្យ​ក្រុមហ៊ុនផ្គត់ផ្គង់​​ផ្តល់​ប្រាក់ឈ្នួលសមរម្យ និង​លក្ខខណ្ឌការងារ​ល្អ។

ក្រុមហ៊ុនម៉ាកយីហោ​ដែលជាសមាជិក ACT បានធ្វើការ​វាយតម្លៃផ្ទៃក្នុង​លើសកម្មភាព​បញ្ជាទិញរបស់ខ្លួន។ ពួកគេ​រិះរកឱកាស​​កែលម្អការអនុវត្ត​បច្ចុប្បន្ន​ និង​បានប្តេជ្ញា​កែលម្អ​លក្ខខណ្ឌនៃការទូទាត់​ ការរៀបចំផែនការ និងការ​ព្យាករណ៍ និង​ការ​រៀបចំយុទ្ធសាស្រ្ត​ចាកចេញ​​ប្រកប​ដោយការ​ទទួលខុសត្រូវ ប្រសិនបើ​ផលិតកម្មត្រូវបាន​បញ្ចប់ ឬ​ប្តូរទីតាំង​។ ក្រៅពីនេះ ពួកគេ​បាន​ចាត់វិធានការ​ធានាថា ​ប្រាក់ឈ្នួលខ្ពស់នឹង​ត្រូវ​បានរំលេច​ក្នុង​​តម្លៃ​ទិញ​ដុំ​ ហើយពួកគេនឹង​បញ្ចូល​លក្ខខណ្ឌ​នៃ​ការ​បញ្ជាទិញ​ប្រកប​ដោយការ​ទទួលខុសត្រូវ​ក្នុង​​ការ​បណ្តុះបណ្តាល​​បុគ្គលិក។ ក្នុងនោះ ការផ្លាស់ប្តូរ​មួយចំនួន​​អាច​អនុវត្តបាន​ភ្លាមៗ​​ ខណៈដែលការ​ផ្លាស់ប្តូរ​មួយចំនួនផ្សេងទៀត​​ទាមទារ​​​ការ​កែប្រែសំខាន់ៗជាច្រើន​ក្នុង​សកម្មភាព​បញ្ជាទិញ។ ក្រុមហ៊ុនម៉ាកយីហោ​ដែលជាសមាជិក ACT ប្តេជ្ញាបង្កើត​ដំណើរការ​ត្រួតពិនិត្យជាមួយនឹង​ក្រុមហ៊ុនផ្គត់ផ្គង់ និង​សហជីព សម្រាប់វាស់វែង​​ភាពប្រសើរឡើង​នៃ (purchasing practices.) សកម្មភាពបញ្ជាទិញរបស់ពួកគេ។​

តើ​ក្រុមហ៊ុនម៉ាកយីហោ​ដែលជា​សមាជិក ACT នឹង​រួមចំណែកដូចម្តេច​ដល់​ដំណើរការ​អនុសញ្ញារួម​តាម​បណ្តាប្រទេស​ផលិត ក្នុងបរិបទ​​នៃការ​ប្រកួតប្រជែង​សកល​?​

ឧស្សាហកម្ម​កាត់ដេរ និង​វាយនភ័ណ្ឌ​ ជា​​ឧស្សាហកម្មដែលមាន​លក្ខណៈ​សកលភាវូបនីយកម្ម​បំផុត​មួយក្នុងពិភពលោក។ អនុសញ្ញារួមនៅកម្រិតឧស្សាហកម្មនឹង​​អាច​ឱ្យអ្នក​​​ត្រួតពិនិត្យ​ការ​ប្រកួត​ប្រជែងប្រាក់ឈ្នួលនៅ​ថ្នាក់ជាតិ ប៉ុន្តែ​​អ្នកក៏ត្រូវ​​​ធានា​ឱ្យបាន​ថា ​ការ​ប្រកួតប្រជែងអន្តរជាតិមិន​ធ្វើ​ឱ្យឧស្សាហកម្មនោះ​​ប្តូរទីតាំង​ទៅប្រទេស​ផ្សេង។ ដូច្នេះ អ្នកត្រូវ​ផ្សារភ្ជាប់​​​អនុសញ្ញារួមថ្នាក់ជាតិទៅនឹង​​​សកម្មភាពបញ្ជាទិញ​អន្តរជាតិ​។ នេះជា​ចំណុចស្នូល​របស់​​​ ACT។   ក្រោមការពិគ្រោះជាមួយ​ប្រទេស​ផលិត​ដែល​ត្រូវ​ចូលរួមដំបូងគេ​ក្នុង​​ការ​ចរចា​អនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម ACT កំពុង​បង្កើត​ការ​ប្តេជ្ញាទទួលយក​ការផ្គត់ផ្គង់ពីប្រទេសជាក់លាក់​ (country-specific sourcing commitments.)។

តើ​​ក្រុមហ៊ុនម៉ាកយីហោ​​ដែលជាសមាជិក ACT បាន​​ប្តេជ្ញាដូចម្តេច​ខ្លះ​ចំពោះប្រទេសកម្ពុជា?​

​នៅកម្ពុជា ក្រុមហ៊ុនម៉ាកយីហោ​ដែលជា​សមាជិក ACT ប្តេជ្ញាថា បន្ទាប់ពីកម្ពុជាមាន​អនុសញ្ញារួមថ្នាក់ជាតិ ​ពួកគេ​នឹង​​ធានា​បង្កើន​ការ​ទទួលយក​ការផ្គត់ផ្គង់ពីកម្ពុជា​រហូត​ដល់​ចុង​ឆ្នាំ ២០២២។ ក្រៅពីនេះ ក្រុមហ៊ុនម៉ាកយីហោ​​នឹង​ស្នើ​ឱ្យ​ក្រុមហ៊ុនផ្គត់ផ្គង់របស់ពួកគេ​អនុលោមតាម​​អនុសញ្ញារួមនោះ ក៏ដូចជា​ខិតខំកែលម្អ​​​សកម្មភាព​បញ្ជាទិញរបស់​ពួកគេ​ផងដែរ​ ជាពិសេស​លក្ខខណ្ឌនៃការទូទាត់​ ការរៀបចំផែនការ និងការព្យាករណ៍​ ដើម្បី​ធ្វើឱ្យប្រាកដថា ក្រុមហ៊ុនម៉ាកយីហោ​ដែលជាសមាជិក ACT និង​ក្រុមហ៊ុនផ្គត់ផ្គង់​កាន់តែមានភាពងាយស្រួលក្នុងការ​​​គ្រោង​ផលិតកម្ម និងបង្កើន​ប្រសិទ្ធភាពជារួម។ គោលដៅ​ចម្បង​គឺការ​​កសាងទំនាក់ទំនង​យូរអង្វែង​រវាង​ក្រុមហ៊ុនម៉ាកយីហោ​ និងក្រុមហ៊ុនផ្គត់ផ្គង់​ ក៏ដូចជា សម្របសម្រួល​​ការ​ធ្វើទំនើបកម្ម​​ឧស្សាហកម្មនេះ។ ចុងបញ្ចប់ គន្លឹះ​សំខាន់គឺ​​ត្រូវ​​ទប់​​ចំណាយលើ​​កម្លាំងពលកម្ម​។ ការ​ទប់ចំណាយ​លើ​កម្លាំងពលកម្មមានន័យថា ​ប្រសិនបើ​ប្រាក់ឈ្នួលកើនឡើង​ វា​ត្រូវ​តែជា​​​ចំណាយ​ដោយឡែកមួយ​​ក្នុងការគណនា​​តម្លៃដែលទូទាត់​ជូនក្រុមហ៊ុនផ្គត់ផ្គង់​។ ប្រាក់ឈ្នួលខ្ពស់​​ត្រូវ​តែរំលេច​ក្នុង​​តម្លៃទិញដុំ​។ ដូច្នេះ ក្រុមហ៊ុនផ្គត់ផ្គង់​នឹង​ដឹងថា ប្រសិនបើ​ពួកគេ​ចរចា​ប្រាក់ឈ្នួល​ខ្ពស់ជាមួយ​សហជីព ​ចំណុចនេះនឹងត្រូវបានពិចារណា​ក្នុង​ការ​ចរចាតម្លៃរបស់​ក្រុមហ៊ុនផ្គត់ផ្គង់ជាមួយ​ក្រុមហ៊ុនម៉ាកយីហោ​។

តើ​នៅពេល​ណា​ទើប​មានការ​អនុវត្ត​ការ​ប្តេជ្ញា​គាំទ្រ​ប្រទេស?​

(ACT country support commitments) ការ​ប្តេជ្ញាគាំទ្រប្រទេស​ដែល​អនុម័ត​ដោយ​ ACT នឹង​ចូលជាធរមាន​​ក្រោយ​ការ​ចុះហត្ថលេខា​លើ​អនុសញ្ញារួមនៅកម្រិត​ឧស្សាហកម្ម​ ក្រោមការ​ចរចា​រវាង​​អង្គការ​និ​យោជកឯករាជ្យ និង​សហជីព នៅកម្រិតប្រទេស ដែលរួមបញ្ចូល ៖

១.​ ការដំឡើងប្រាក់ឈ្នួលដែលគ្របដណ្តប់​លើ​​អតិផរណា បូករួមនឹង​​កំណើនផលិតភាព និង​​សមាសភាគមួយ​​នៃអនុសញ្ញា​រួមដែលបាន​ចរចា​

២.​ ការ​គោរព​ពេញលេញ​ចំពោះ​សេរីភាពរបស់កម្មករនិយោជិត និងនិយោជកក្នុងការ​បង្កើត និងចូលរួម​អង្គការ​/ស្ថាប័នដែលពួកគេ​បានជ្រើសរើស (​សេរីភាព​ខាង​សមាគម)​

៣. ​យន្តការគ្រប់ជ្រុងជ្រោយ​សម្រាប់​​ត្រួតពិនិត្យ​ និងពង្រឹងការអនុវត្ត​កិច្ចព្រមព្រៀង​។

ក្រុមហ៊ុនម៉ាកយីហោ​ដែលជា​សមាជិក ACT ​នឹង​ផ្តល់ទិន្នន័យស្តីពី​ទំហំ​នៃប្រភពផ្គត់ផ្គង់​របស់ខ្លួនក្នុង​ប្រទេសមួយ​ ដល់​​ក្រុមហ៊ុន​សវនកម្មដែលមានការទទួលស្គាល់។ ជារៀងរាល់ឆ្នាំ ACT នឹងបង្ហាញ​​និយោជក និង​សហជីព នូវ​​​​តួលេខ​សរុប​នៃ​ការ​បញ្ជាទិញ​របស់​ក្រុមហ៊ុនម៉ាកយីហោ​ដែលជាសមាជិក​ ACT ទាំងអស់​ក្នុង​ប្រទេសមួយ​ (គិតជា​ដុល្លា​រអាមេរិក)។ ក្រៅពីនេះ ​នឹងមានយន្តការ​ដោះស្រាយបណ្តឹង​ ដែល​​​អ្នកពាក់ព័ន្ធ​អាច​​ដាក់បណ្តឹង​ស្តីពី​ការមិនអនុលោមតាម​ការ​ប្តេជ្ញាទាំងនោះ​ និង​យន្តការ​ដោះស្រាយវិវាទ​រវាង​​ក្រុមហ៊ុនម៉ាកយីហោ​ និង​សហជីពសកល IndustriALL ដែលបានចុះហត្ថលេខា​លើ​​​ (Memorandum of Understanding.) អនុស្សារណៈយោគយល់គ្នា​របស់ ACT

តើ​ប្រទេសដែល​​ចូលរួមជាមួយ ACT នឹងទទួលបានឱកាសអ្វីខ្លះ​?​

​ការដំឡើងប្រាក់ឈ្នួលដែលគាំទ្រ​ដោយ​សកម្មភាពបញ្ជាទិញរបស់​​​ក្រុមហ៊ុនម៉ាកយីហោ​ នឹង​លើកកម្ពស់​កម្រិតជីវភាព​ និង​​លក្ខខណ្ឌការងារ​របស់​​កម្មករកាត់ដេរ និង​ឈានទៅរក​ការ​កាត់បន្ថយភាពក្រីក្រ​ និង​ការ​អភិវឌ្ឍដែលកាន់តែមានចីរភាព​។ ភាពប្រសើរឡើងនៃប្រាក់ឈ្នួលនឹង​បង្កើន​​កំណើន​សេដ្ឋកិច្ច​​​តាមរយៈកំណើន​តម្រូវការ ដោយសារ​ការកើនឡើងនៃ​ប្រាក់ចំណូល។

​ប្រាក់ឈ្នួលអប្បបរមា​នៅកម្រិតឧស្សាហកម្ម​ក៏ជាកត្តា​ជំរុញផលិតភាពផងដែរ ព្រោះវា​ផាត់ចេញ​​ការ​ប្រកួតប្រជែង​ដោយផ្អែកលើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ​​ក្រោមស្តង់ដា ប៉ុន្តែផ្តល់រង្វាន់​ដល់ការ​កែលម្អ​គុណភាព  និងប្រសិទ្ធភាព​។  ​ការ​បង្កើន​ប្រាក់ឈ្នួលយ៉ាងច្រើន  និងជា​បន្តបន្ទាប់​ឱ្យលើស​អតិផរណា និង​ផលិតភាព នឹង​ធានា​នូវ​តម្លៃបន្ថែម​យ៉ាង​ច្រើន​ក្នុង​​ប្រទេស​ផលិត​។ ស្តង់ដាដែលអាចអនុវត្ត​បាន​នៅទូទាំង​ឧស្សាហកម្មនេះ នឹង​បង្កើត​ការងារ​ជាប់លាប់ជាមុន និង​កាត់បន្ថយអត្រាផ្លាស់ចេញចូលបុគ្គលិក​។ ដូច្នេះ វា​នឹ​ងជំរុញការ​វិនិយោគលើ​ការ​បណ្តុះបណ្តាលជំនាញ និង​​ការ​អភិវឌ្ឍធនធានមនុស្ស​ ដែលនាំទៅរក​​​កម្លាំងពលកម្មដែលកាន់តែមាន​ជំនាញ និងផលិតភាព​។​

នៅ​ពេល​អនុវត្ត​ដំណាលគ្នា​ក្នុងប្រទេស​ជាច្រើន​ អភិក្រម ACT នឹងកាត់បន្ថយ​​ការ​ប្រកួតប្រជែងប្រាក់ឈ្នួល​​ក្នុងចំណោម​ប្រទេ​សផលិត​សំលៀកបំពាក់​ ដែល​រួមចំណែក​បង្កជា​សម្ពាធ​យ៉ាង​ខ្លាំង​សម្រាប់​ចំណាយលើ​កម្លាំងពលកម្មក្នុងរយៈពេល​ប៉ុន្មានទសវត្សរ៍កន្លងមកនេះ​។ ការ​ប្តេជ្ញារបស់​ក្រុមហ៊ុនម៉ាកយីហោ​ដែលជា​សមាជិក ACT ​​នឹង​ផ្តល់​អត្ថប្រយោជន៍យ៉ាងច្រើន​ដល់​ប្រទេស​​ដែលផ្តួចផ្តើម​ការអនុវត្តអភិក្រម ACT។ ​ក្នុង​រយៈពេល​មធ្យម និងរយៈពេលវែង​ ប្រទេស​ដែលផ្តួចផ្តើមការអនុវត្ត​នេះ ​ច្រើនតែ​បង្កើនប្រសិទ្ធភាព​លឿនជាង​ប្រទេសផ្សេងទៀត។ សម្រាប់ខ្លឹមសារ​លម្អិត សូម​មើល (our background brief.) សេចក្តីសង្ខេប​សាវតា​របស់យើង​។

តើ​ ACT កំពុង​ធ្វើប្រតិបត្តិការ​ក្នុង​ប្រទេសណាខ្លះ​​?

បច្ចុប្បន្ន ACT កំពុង​ធ្វើ​ប្រតិបត្តិការក្នុងប្រទេសកម្ពុជា​ មីយ៉ាន់ម៉ា និងទួរគី​។ ​ប្រទេស​ផ្សេងទៀត​ដែល​​អាច​មានដំណើរការ ACT នាពេលអនាគតរួមមាន បង់ក្លាដេស និងវៀតណាម។ ​ACT បាន​ជ្រើសរើស​ដំបូង​គេ​នូវ​​ប្រទេស​ទាំង​ ៥ នេះ​ ដោយផ្អែកលើ​​​ទំហំ​ផលិតកម្មកាត់ដេរ​ដ៏​ធំ​ និង​វត្តមានយ៉ាង​ច្រើន​នៃ​​​ក្រុមហ៊ុនម៉ាកយីហោ​ដែលជា​សមាជិក ACT​​ និងសក្តានុពល​សម្រាប់​ឱ្យសហជីព​ចូលរួមក្នុង​អនុសញ្ញារួម​នៅកម្រិត​ឧស្សាហកម្ម​។ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំខាងមុខ ACT នឹង​ជំរុញការ​ចូលរួម​របស់ប្រទេសផលិត​សំលៀកបំពាក់បន្ថែមទៀត​។​

ACT នៅកម្រិត​​​ក្រុមហ៊ុនម៉ាកយីហោ​

ហេតុអ្វី​ការ​ចូលរួមជាសមាជិក​ ACT ផ្តល់ប្រយោជន៍ដល់អាជីវកម្ម?

សម្រាប់​ក្រុមហ៊ុន​ជាច្រើន ការ​ធ្វើសកម្មភាពប្រកប​ដោយការទទួលខុសត្រូវ និង​ក្រមសីលធម៌ បច្ចុប្បន្ន​បានក្លាយជា​ផ្នែក​មួយនៃ​យុទ្ធសាស្រ្ត​អាជីវកម្មរបស់ពួកគេ ​ក្នុង​ទីផ្សារអ្នកប្រើប្រាស់សំខាន់​ៗ។ អ្នកប្រើប្រាស់​​មាន​លទ្ធភាពច្រើនជាងមុន​ក្នុងការ​ទទួលបានការអនុវត្ត​ប្រក​បដោយតម្លាភាព និង​មាន​ការរំពឹង​ទុកច្រើនចំពោះ​​​ក្រុមហ៊ុនម៉ាកយីហោ​ដែលពួកគេទិញផលិតផល​។ ក្រៅពីនេះ​ មាន​ការ​ទាមទារកាន់តែច្រើនឡើង​ឱ្យក្រុម​ហ៊ុន​​ យកចិត្តទុកដាក់ខ្ពស់​ លើការ​បំពេញ​កាតព្វកិច្ច​សិទ្ធិមនុស្សរបស់ខ្លួន​​ ដូចជា ​ការ​ផ្តល់លាភការ​ដោយយុត្តិធម៌​។ ជាញឹកញាប់ សង្វាក់ផ្គត់ផ្គង់​របស់​អាជីវកម្ម​មានភាពស្មុគស្មាញណាស់​ ហើយក្នុង​​ប្រទេស​ផលិត​​សំលៀកបំពាក់ និង​វាយនភ័ណ្ឌភាគច្រើន​ ប្រាក់ឈ្នួលទាប និងលក្ខខណ្ឌ​ការងារ​មិនល្អ អាច​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះរបស់​​ក្រុមហ៊ុនម៉ាកយីហោ​។ 

ACT ផ្តល់​​ឱកាស​ពិសេស​សម្រាប់​ចូលរួម​ក្នុងកិច្ចខិតខំប្រឹងប្រែង​សហការ​កាត់បន្ថយ​​ហានិភ័យទាំងនេះ និងអនុវត្ត​​ការ​ផ្លាស់ប្តូរចាំបាច់​​ក្នុង​ប្រព័ន្ធនេះ ដើម្បីសម្រេ​ចបាន​ប្រាក់ឈ្នួលសមរម្យ។​ACT provides a unique opportunity to be part of a collaborative effort to reduce these risks and implement the changes needed in the system in order to achieve living wages.

តើ​​ដំណើរការ ACT ​ខុសប្លែកដូចម្តេច​ពី​គំនិតផ្តួចផ្តើម​ផ្សេងទៀតដែល​​ពាក់ព័ន្ធនឹង​​ការទទួលខុសត្រូវ​ក្នុង​សង្គមរបស់សាជីវកម្ម​?​

ACT​​ ជាការប្តេជ្ញាចិត្ត​កម្រិតសកល​ដំបូង​គេ​ក្នុងវិស័យកាត់ដេរ​ដែល​ផ្តល់ក្របខ័ណ្ឌ​​ដល់​តួអង្គ​ពាក់ព័ន្ធទាំងអស់ ដូចជា ​​​ក្រុមហ៊ុនម៉ាកយីហោ​  និង​អ្នក​លក់រាយ  សហជីព ក្រុមហ៊ុនផលិត និង​រដ្ឋាភិបាល​ ដើម្បី​បំពេញការទទួលខុសត្រូវ និងតួនាទីរបស់ពួកគេ​ក្នុងការ​សម្រេ​ចបាន​ប្រាក់ឈ្នួលសមរម្យ (សម្រាប់​ខ្លឹមសា​រលម្អិត សូមមើលសេចក្តីសង្ខេប​សាវតា ៖  background brief)។ វិសាលភាពនៃ​កិច្ចសហប្រតិបត្តិការ​នេះ​​នឹងផ្តល់​ឱកាស​កាន់តែច្រើន​សម្រាប់​ការ​ផ្លាស់ប្តូរ​ឧស្សាហកម្មតាមរយៈ​សកម្មភាព​បុគ្គល និងសកម្មភាព​ឧស្សាហកម្មផ្សេងទៀត​។ ​អនុស្សារណៈយោគយល់គ្នារវាង​​​ក្រុមហ៊ុនម៉ាកយីហោ​​ជាសមាជិកនីមួយៗ និង​​សហជីព​សកល IndustriALL បានកំណត់ក្របខណ្ឌច្បាស់លាស់​សម្រាប់កិច្ចសហប្រតិបត្តិការ និង​ការទទួលខុសត្រូវ​។ ​​ការ​ប្តេជ្ញាជារួម និង​កិច្ចសហប្រតិបត្តិការ​មុន​ការ​ប្រកួតប្រជែង​ ដើម្បីផ្លាស់ប្តូរ​​​សកម្មភាពបញ្ជាទិញ និង​​គាំទ្រអនុសញ្ញា​រួមទូទាំង​ឧស្សាហកម្ម​ ជា​វិធី​ជាក់ស្តែង​ក្នុងការធានា​​​ភាពប្រសើរឡើង​យ៉ា​ងច្រើន​ក្នុង​ឧស្សាហកម្ម​នេះ។

តើ​​ ACT ត្រូវ​បានផ្សារភ្ជាប់ដូចម្តេច​ទៅនឹងការយកចិត្តទុកដាក់ខ្ពស់​?​

សិទ្ធិទទួលបាន​លាភការដោយយុត្តិធម៌ (មាត្រា ២៣ នៃ​សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស​ ៖ Universal Declaration of Human Rights) សេរីភាពខាងសមាគម (អនុសញ្ញាលេខ ៨៧ របស់ ILO ILO Convention 87​) និង​អនុសញ្ញារួម (អនុសញ្ញាលេខ ៩៨ របស់ ILO ILO Convention 98) ជាសិទ្ធិមនុស្សនៅកន្លែងធ្វើការ​។ ក្របខណ្ឌ​អន្តរជាតិនៃការយកចិត្តទុកដាក់ខ្ពស់ ក្រោម​គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ និង​គោលការណ៍ណែនាំរបស់ OECD តម្រូវឱ្យក្រុមហ៊ុន​​គោរព​សិទ្ធិមនុស្ស​នៅកន្លែង​ធ្វើការ។

អាជីវកម្មមិនគួរ​បង្ក ឬរួមចំណែក​បង្ក​ផលប៉ះពាល់អវិជ្ជមាន​លើសិទ្ធិមនុស្ស​នៅកន្លែង​ធ្វើការ​ និង​គួរ​ប្រើប្រាស់​ឥទ្ធិពលរបស់ខ្លួន​ដើម្បីកាត់បន្ថយ​ផលប៉ះពាល់អវិជ្ជមាន​ ដែលអាចពាក់ព័ន្ធផ្ទាល់នឹង​ពួកគេ ទោះបីជា​ពួកគេមិនបានបង្ក ឬរួមចំណែក​បង្ក​ផលវិបាកទាំងនោះក៏ដោយ​។ ​តាមរយៈ ACT ​ក្រុមហ៊ុនអាច​ប្រើប្រាស់​​ចំណុច​ខ្លាំងទាំងអស់​របស់ខ្លួន ដើម្បីបំពេញ​កាតព្វកិច្ច​អន្តរជាតិ​នៃការយកចិត្តទុកដាក់ខ្ពស់​។ ACT ​ជំរុញការ​បង្កើត​ការយកចិត្តទុកដាក់ខ្ពស់​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​​ប្រាក់ឈ្នួលសមរម្យ​ សេរីភាពខាងសមាគម និង​អនុសញ្ញារួម។

តើ​​ក្រុមហ៊ុនម៉ាកយីហោ​ផ្សេងទៀតអាច​ចូលជាសមាជិក​​ ACT បានដោយរបៀបណា?

អាជីវកម្មដែលមានការទទួលខុសត្រូវ​ក្នុង​ឧស្សាហកម្មសំលៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើង ដែល​ទទួលស្គាល់សារៈសំខាន់​នៃប្រាក់ឈ្នួលសមរម្យ សេរីភាព​ខាងសមាគម និង​អនុសញ្ញា​រួម ត្រូវ​បានអញ្ជើញ​ឱ្យ​ចូលជាសមាជិក​ ACT​ ដើម្បីជួយជំរុញការផ្លាស់ប្តូរ​នេះ។ ការ​ចុះហត្ថលេខា​លើ​​អនុស្សារណៈយោគយល់គ្នាជាមួយ​សហជីពសកល IndustriALL ជា​មូលដ្ឋាន​នៃការ​ចូលជា​សមាជិក ACT។ សូម​ពិនិត្យ​ (member section) ផ្នែក​ស្តីពីសមាជិក​ដើម្បីស្វែងយល់បន្ថែម​អំពី​របៀប​ចូលជាសមាជិក​ ACT

វឌ្ឍនភាព​

តើ​ ACT សម្រេ​ចបាន​សមិទ្ធផលអ្វីខ្លះ?​

សមាជិក ACT បានកត់សម្គាល់ថា ប្រាក់ឈ្នួល​ក្នុង​​ប្រទេសផលិត​សំលៀកបំពាក់ជាច្រើន គឺទាប​ពេក និងត្រូវ​មានការ​ផ្លាស់ប្តូរ​ប្រព័ន្ធដើម្បីធ្វើការ​កែលម្អ។ នេះជាលើកដំបូង​ហើយដែល​ក្រុមហ៊ុនម៉ាកយីហោ​សកលមួយក្រុម​បាន​សម្រេច​ដោះស្រាយ​បញ្ហា​នេះ​ និង​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​សហជីព​សកល​នៃ​កម្មករនិយោជិត​ក្នុងឧស្សាហកម្ម​សំលៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើង​។ ​ACT ជា​គំនិតផ្តួចផ្តើមដំបូង​គេ ​ដែលបានបង្កើត​​​យុទ្ធសាស្រ្តផ្សារភ្ជាប់​សកម្មភាព​បញ្ជាទិញអន្តរជាតិរបស់​ក្រុមហ៊ុនម៉ាកយីហោ​​ ទៅនឹង​​អនុសញ្ញារួមថ្នាក់ជាតិ។ អភិក្រមនេះ​បានត្រួសត្រាយ​​​ទម្រង់ថ្មីមួយនៃកិច្ចសហប្រតិបត្តិការ​​​រវាង​តួអង្គថ្នាក់​ជាតិ និង​អ្នកបញ្ជាទិញអន្តរជាតិ​​ ដែលអាច​ឱ្យ​កម្មករនិយោជិត និង​​និយោជក​ចរចា​​ប្រាក់ឈ្នួលខ្ពស់​ និង​លក្ខខណ្ឌការងារ​ល្អប្រសើរ​។​ សមាជិក ACT​​ បានប្តេជ្ញា​​​កែលម្អសកម្មភាពបញ្ជាទិញ​ (purchasing practices,) របស់ពួកគេ ជាពិសេស​ពាក់ព័ន្ធនឹងការព្យាករណ៍​ និងការរៀបចំផែនការ​ លក្ខខណ្ឌនៃការទូទាត់​ និង​ការ​ទប់​ចំណាយលើ​កម្លាំងពលកម្ម​ ដើម្បីផ្តល់​​លំហសេដ្ឋកិច្ចចាំបាច់​​​សម្រាប់​ការ​ដំឡើង​ប្រាក់ឈ្នួល និង​ការ​កែលម្អលក្ខខណ្ឌការងារ​ឱ្យប្រសើរឡើង​។ បច្ចុប្បន្ន មានកិច្ចពិភាក្សាយ៉ាងផុសផុលតាម​បណ្តា​ប្រទេស​ជាច្រើន​ដើម្បី​ផ្តួចផ្តើម​អភិក្រមថ្មីនេះ។ ​សមាជិក ACT នឹង​ធ្វើ​ឱ្យប្រទេស​ដំបូងៗ​ដែលចុះហត្ថលេខា​​លើ​អនុសញ្ញារួម​​ ក្លាយជា​ប្រទេសផ្គត់ផ្គង់​​គោលដៅ​ និងពិភាក្សាពី​​វិធានការគាំទ្រ​ពិសេស​​ជាមួយ​តួអង្គថ្នាក់​ជាតិ ដូចជា ការប្តេជ្ញា​ទទួលយក​​ទំហំនៃការ​ផ្គត់ផ្គង់​​សម្រាប់រយៈពេលជាច្រើនឆ្នាំ។ កន្លងមក ACT បាន​អនុវត្ត​ជំហានធំៗជាច្រើន​​ឆ្ពោះទៅរក​ការអនុវត្ត​​អភិក្រម​នេះ និង​សង្ឃឹមថា​នឹង​មានការ​ចុះហត្ថលេខា​លើ​អនុសញ្ញារួម​​​ដំបូង​នៅ​កម្រិត​ឧស្សាហកម្ម​ក្នុងពេលដ៏ខ្លីខាងមុខ​ ដើម្បីផ្តល់ប្រាក់ឈ្នួល​​កាន់តែ​ប្រសើរ​ដល់​កម្មករនិយោជិត​។

តើ​មកទល់បច្ចុប្បន្ននេះ មានកម្មករនិយោជិត​ប៉ុន្មាននាក់ហើយ​​ដែលបានទទួល​​ប្រាក់ឈ្នួលខ្ពស់​ដោយ​សារ​ ACT?

​សមាជិក​ ACT កត់សម្គាល់ថា បច្ចុប្បន្ន កម្មករកាត់ដេរជាច្រើន​​ដែលភាគច្រើនជាស្រ្តី ត្រូវការ​លក្ខខណ្ឌរស់នៅ និងលក្ខខណ្ឌការងារប្រសើរជា​ងមុន​។ ក៏ប៉ុន្តែ​​ដំណោះស្រាយ​ថ្មី ជាប្រព័ន្ធ និង​មានចីរភាព​ ក៏ដូចជា​ការ​កសាង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​​​ក្រុមហ៊ុនប្រកួតប្រជែង​ និង​ជាមួយ​សហព័ន្ធ​សហជីព​សកល​ សុទ្ធតែ​ត្រូវការ​ពេលវេលា​។ ជាចាំបាច់​គឺ​ត្រូវ​​កសាង​ទំនុកចិត្ត​​ និង​​បង្កើត​​យន្តការ​ត្រួតពិនិត្យ​ដែលអាច​ជឿទុកចិត្តបាន​​។ ​ក្នុង​ប្រទេស​ផលិត ​ចាំបាច់ត្រូវ​ចុះ​កិច្ចព្រមព្រៀងថ្នាក់​ជាតិ​លើដំណោះស្រាយ​ដែលបានចរចា​​រវាង​​និយោជក និង​សហជីព ដែលជាញឹកញាប់​ ​បណ្តាលមកពី​​​វប្បធម៌​បែប​ផ្តាច់ការ និង​​ប្រឈមមុខ​គ្នា​។ ដូច្នេះ ចាំបាច់​​ត្រូវ​​​ធ្វើការ​សាកល្បង​យ៉ាង​យកចិត្តទុកដាក់​​លើ​អភិក្រម​ថ្មីៗ​។    ជាញឹកញាប់​ ​  ឧបសគ្គដ៏​ធំ​គឺ​កង្វះ​ទំនុកចិត្តរវាង​​អ្នកផលិត និង​ក្រុមហ៊ុន​បញ្ជាទិញ។ អ្នកផលិត​​ជា​ច្រើន​​បារម្ភថា ខណៈដែល​ ACT ជំរុញលើកទឹកចិត្ត​ឱ្យពួកគេ​ផ្តល់ប្រាក់ឈ្នួលខ្ពស់ ​មិនមែន​គ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធតែ​អាចធានា​​សន្យា​បញ្ចូល​​ប្រាក់ឈ្នួលខ្ពស់​​ក្នុង​​តម្លៃ​ ដែលទូទាត់​ដោយ​ក្រុមហ៊ុនម៉ាកយីហោ​​ដល់​​ក្រុមហ៊ុនផ្គត់ផ្គង់នោះទេ។ សមាជិក ACT​ ដឹង​ច្បាស់ពីបញ្ហានេះ​។ ប្រសិនបើគ្មាន​​​ការ​ប្តេជ្ញា​ច្បាស់លាស់ និង​ចងកាតព្វកិច្ចទេនោះ ​គេមិនងាយ​សម្រេច​បាន​ដំណោះស្រាយ​ដែលមាន​ចីរភាពយូរអង្វែង​បានឡើយ។ ភ្លាមៗ​ក្រោយការចុះអនុសញ្ញារួមដំបូង​​ ACT ត្រូវ​ជម្រោះ​ឱ្យ​អស់នូវរាល់មន្ទិលសង្ស័យ​ទាំងឡាយ។ បន្ទាប់ពីធ្វើដូច្នេះទើ​បប្រទេសផ្សេងទៀត​​​ត្រៀមខ្លួនអនុវត្ត​តាម​។​

 

ហេតុអ្វីអភិក្រមនេះ​​ត្រូវ​បាន​ផ្តួចផ្តើមឡើង​ក្នុង​ឧស្សាហកម្មកាត់ដេរ?

​មាន​សម្ពាធកាន់តែច្រើនពី​សហជីព អ្នកប្រើប្រាស់ និង​សង្គមស៊ីវិល​ដែល​ទាមទារ​ឱ្យមានការ​ធានា​​ប្រាក់ឈ្នួល​សមរម្យ​​ក្នុងវិស័យកាត់ដេរ។ ការ​ទាមទារ​ដ៏សំខាន់​នេះ​បាន​ជួយជំរុញ​ឱ្យមានឆន្ទៈ​ផ្លាស់ប្តូរ​ក្នុង​​ទីផ្សារ​ដ៏ចម្រូង​ចម្រាស់​។ ក៏ប៉ុន្តែដើម្បី​ជំរុញ​នវានុវត្តន៍​ទាំងនេះបន្ថែមទៀត ចាំបាច់ត្រូវ​មាន​លើសពី​គំនិតល្អៗ និង​សម្ពាធខាងក្រៅ​។​ ប្រសិនបើ​មិនអាច​ធ្វើ​ឱ្យ​សហគ្រិន​ជឿជាក់​ថា ការ​កែលម្អ​លក្ខខណ្ឌការងារ​ និង​ប្រាក់ឈ្នួល​ជា​​រឿង​ត្រឹមត្រូវ​ទេនោះ ការ​ផ្លាស់ប្តូរ​ក៏មិនអាច​ទៅរួចដែរ។ នេះប្រហែលជា​ចំណុច​លេចធ្លោរ​របស់ក្រុមហ៊ុនដែលជាសមាជិក ACT ធៀបនឹង​ក្រុមហ៊ុនផ្សេងទៀត។​