សង្ខេបក្របខ័ណ្ឌ ACT សម្រាប់ការព្យួរការបញ្ជាទិញប្រកបដោយការទទួលខុសត្រូវក្នុងប្រទេសមីយ៉ាន់ម៉ា
ក្របខ័ណ្ឌខាងក្រោមនេះបានពិចារណាពីភាពស្មុគស្មាញ និងកម្រិតធ្ងន់ធ្ងរនៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្របខ័ណ្ឌនេះទទួលស្គាល់ថា ការងារទាំងឡាយមិនអាចដំណើរការដូចសព្វដងនោះឡើយ ហើយកាលៈទេសៈសន្តិសុខ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុននានា មានការប្រែប្រួលខុសៗគ្នា។
ក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិក ACT យល់ព្រមអនុវត្តក្របខ័ណ្ឌនេះ នៅពេលដែលកាលៈទេសៈតម្រូវឱ្យពួកគេព្យួរការបញ្ជាទិញ ឬចាកចេញពីរោងចក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រសិនបើកាលៈទេសៈដែលគេមិនអាច់គ្រប់គ្រងបាន ធ្វើឲ្យគេមិនអាចអនុវត្តតាមក្របខ័ណ្ឌនេះទាំងស្រុង សមាជិក ACT សន្យាថានឹងជូនដំណឹងដល់ IndustriALL។
ក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT ប្ដេជ្ញា៖
- រក្សាប្រព័ន្ធទំនាក់ទំនងដែលចំហជាមួយនឹងដៃគូនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់អំពីស្ថានភាពនៃប្រតិបត្តិការអាជីវកម្ម ការធ្វើផែនការសម្រាប់ពេលអនាគត (ក្នុងករណីដែលអាចធ្វើទៅបាន) និងបរិបទដែលកំពុងមានការផ្លាស់ប្ដូរ និងផលវិបាកសម្រាប់រោងចក្រ និងកម្មករនិយោជិត។
- ធានាឱ្យមានការទូទាត់សម្រាប់ទំនិញដែលបានផលិតហើយ និងទំនិញដែលកំពុងផលិត។
- ទទួលខុសត្រូវនៅក្នុងករណីដែលអ្នកផ្គត់ផ្គង់ត្រូវរ៉ាប់រងចំណាយលើក្រណាត់ ដោយសារតែការផ្លាស់ប្ដូរការបញ្ជាទិញរបស់ក្រុមហ៊ុនម៉ាកយីហោ។
- ធ្វើការវាយតម្លៃផលប៉ះពាល់ផ្អែកតាមហានិភ័យ ដើម្បីឈ្វេងយល់ពីផលប៉ះពាល់ដែលអាចកើតមានកម្មករនិយោជិត និងរោងចក្រ។ នេះរួមមានការកំណត់ និងការឆ្លើយតបចំពោះករណីធ្ងន់ធ្ងរជាងគេមុនគេ នៅពេលដែលកាលៈទេសៈបច្ចុប្បន្នអាចអនុញ្ញាតឱ្យបាន។ ការវាយតម្លៃលើហានិភ័យ និងការផ្ទៀងផ្ទាត់លើភាពត្រឹមត្រូវ គួរអាចបែងចែកឱ្យដាច់រវាងរោងចក្រដែលកំពុងដំណើរការ និងរោងចក្រដែលមិនដំណើរការ។
- ក្នុងករណីដែលអាចធ្វើទៅបាន ប្រើប្រាស់លទ្ធភាពរួមគ្នារវាងក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិក ACT ជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ ឬក្រុមសាជីវកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើកម្មករនិយោជិត នៅពេលដែលកាលៈទេសៈបច្ចុប្បន្នអនុញ្ញាតឱ្យបាន។ ក្រុមហ៊ុនម៉ាកយីហោគួរជូនដំណឹងដល់អ្នកផ្គង់ផ្គង់ ឬរោងចក្រជាលាយលក្ខណ៍អក្សរ* នៅក្នុងករណីដែលការផ្ដាច់កិច្ចសន្យាមិនអាចចៀសរួច ដោយការផ្ដាច់កិច្ចសន្យាត្រូវធ្វើឡើង ស្របតាមច្បាប់នៅក្នុងស្រុក អនុសញ្ញារួមដែលកំពុងចូលជាធរមាន និងគោលការណ៍ណែនាំស្ដីពីសិទ្ធិសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈរបស់មីយ៉ាន់ម៉ា (សូមមើលផ្នែកទី ៤) និងបញ្ញត្តិដូចខាងក្រោម៖
- ក្នុងករណីដែលធ្វើទៅបាន និយោជកគួរពិគ្រោះយោបល់ជាមួយកម្មករ ព្រមទាំងតំណាងរបស់ពួកគេពាក់ព័ន្ធនឹងផែនការការងារ/កាត់បន្ថយបុគ្គលិកនាពេលអនាគត មុនពេលធ្វើការសម្រេចចិត្តចុងក្រោយថាត្រូវបញ្ឈប់ការងាររបស់កម្មករ។ (សូមមើលគោលការណ៍ណែនាំស្ដីពីសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈផ្នែកទី ៤ កថាខណ្ឌទី ១៩)
- និយោជកគួរធានាថា កម្មករដែលត្រូវបានបញ្ឈប់ពីការងារ ត្រូវបានជ្រើសរើសដោយសត្យានុម័ត។ (សូមមើលគោលការណ៍ណែនាំស្ដីពីសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈផ្នែកទី ៤ កថាខណ្ឌទី ១៧)
- ក្នុងករណីដែលអាចធ្វើទៅបាន និយោជកត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់កម្មករអំពីការបញ្ឈប់ការងាររបស់ពួកគេ។
- និយោជកគួរធានាឱ្យមានការពិនិត្យលើរាល់ជម្រើសទាំងអស់ដែលមាន ក្រៅតែពីការបញ្ឈប់ការងាររបស់កម្មករ ហើយគួរធានាថាថាកម្មករដែលត្រូវបានបញ្ឈប់ពីការងារ បានទទួលការប្រតិបត្តិត្រឹមត្រូវ។
- និយោជកគួរផ្ដល់លទ្ធភាពឱ្យកម្មករដែលនឹងត្រូវបញ្ឈប់ពីការងារនូវពេលឈប់សម្រាកក្នុងអំឡុងរយៈពេលជូនដំណឹង ដើម្បីឱ្យពួកគេអាចដាក់ពាក្យរកការងារផ្សេងទៀត។
- និយោជកគួរធានាឱ្យមានការទូទាត់ប្រាក់ឈ្នួល ប្រាក់បំណាច់ និងអត្ថប្រយោជន៍ដទៃទៀតស្របតាមច្បាប់។
- ការដឹងឮពីក្រុមហ៊ុនផ្គត់ផ្គង់ថាកម្មករពិតជាបានទទួលប្រាក់ឈ្នួលពិតប្រាកដមែន (បង្ហាញពីឯកសារដែលបញ្ជាក់ពីការផ្ដល់ប្រាក់ឈ្នួល)។
នៅក្នុងករណីរោងចក្រកំពុងតែដំណើរការ មិនអាចបំពេញតាមលក្ខខណ្ឌខាងលើបាន រោងចក្រគួរជូនដំណឹងដល់ក្រុមហ៊ុនម៉ាកយីហោ ហើយករណីនេះនឹងត្រូវបកស្រាយក្នុងដំណើររួមគ្នាមួយដែលបានឯកភាពដោយយសមាជិករបស់ ACT។
*លក្ខខណ្ឌជាលាយលក្ខណ៍អក្សរសំដៅលើការប្រាស្រ័យទាក់ទងគ្រប់ទម្រង់ទាំងអស់ជាលាយលក្ខណ៍អក្សរ រាប់បញ្ចូលទាំងការប្រាស្រ័យទាក់ទងតាមរយៈអ៊ីមែលផងដែរ។